| <អត្ថបទ> ១២ ខ្ញុំក៏បានទូលដល់សេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា ចូរឲ្យអ្នករាល់គ្នាឱនកទទួលនឹម ទៅបំរើដល់ស្តេចបាប៊ីឡូន និងរាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត ១៣ តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងរាស្ត្ររបស់ទ្រង់ផង ដោយដាវអំណត់អត់ និងអាសន្នរោគ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល ពីដំណើរសាសន៍ណា ដែលមិនព្រមបំរើដល់ស្តេចបាប៊ីឡូនដូច្នេះ ១៤ កុំឲ្យស្តាប់តាមពាក្យរបស់ហោរា ដែលនិយាយនឹងអ្នករាល់គ្នាថា មិនត្រូវបំរើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេទាយជាសេចក្តីកុហកទេ ១៥ ព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឲ្យមកសោះ គឺគេទាយជាសេចក្តីកំភូត ដោយនូវឈ្មោះអញវិញ ដើម្បីឲ្យអញបានបណ្តេញឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រូវវិនាសបង់ គឺទាំងខ្លួនឯងរាល់គ្នា និងពួកហោរាដែលទាយដល់ឯងផង។១៦ ខ្ញុំក៏បានប្រាប់ដល់ពួកសង្ឃ និងពួកជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យស្តាប់តាមពាក្យរបស់ពួកហោរា ដែលទាយដល់ឯងរាល់គ្នាថា មើលបន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នាទេ ១៧ កុំឲ្យស្តាប់តាមគេឡើយ ត្រូវឲ្យបំរើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់ ១៨ បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយនឹងគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម បានត្រូវដឹកនាំយកទៅឯក្រុងបាប៊ីឡូនទៀត ១៩ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលពីដំណើរសសរសមុទ្រ និងជើងថ្កល់ ហើយនឹងគ្រឿងប្រដាប់ដែលនៅសល់ក្នុងទីក្រុងនេះ ២០ ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃស្រុកយូដា និងក្រុងយេរូសាឡិមផង ២១ អើ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡិមថា ២២ គេនឹងដឹកនាំគ្រឿងទាំងនោះ ទៅឯក្រុងបាប៊ីឡូន ហើយនឹងត្រូវនៅទីនោះ ដរាបដល់ថ្ងៃដែលអញប្រោស នោះអញនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
|
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026
១១ សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា ១២ អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន...




