<អត្ថបទ>១ អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ ២ ម្លោះហើយ កូនចៅគេនឹកចាំតែអាសនា និងរូបព្រះរបស់គេ ដែលនៅក្រោមអស់ទាំងដើមឈើខៀវខ្ចី នៅលើភ្នំតូចទាំងប៉ុន្មាន ៣ ឱភ្នំ និងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង ៤ ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្តីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។៥ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ៦ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថានជាដីប្រៃឥតមានអ្នកណានៅវិញ ៧ តែមានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ ៨ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ។ ៩ ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន ១០ អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ ១១ ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្តាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។១២ កន្លែងនៃទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តមឧត្តុង្គដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក ១៣ ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អស់អ្នកណាដែលបោះបង់ចោលទ្រង់ នោះនឹងត្រូវខ្មាស ពួកអ្នកដែលថយចេញពីអញទៅ នោះនឹងមានឈ្មោះកត់ទុកនៅផែនដី ដោយព្រោះគេបានចោលព្រះយេហូវ៉ា ដែលទ្រង់ជាក្បាលទឹករស់១៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ ១៥ មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ ១៦ តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្តីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់ ១៧ សូមកុំឲ្យទ្រង់បានធ្វើជាសេចក្តីស្ញែងខ្លាចដល់ទូលបង្គំឡើយទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់ ១៨ សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តឲ្យសោះ សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេវិញ ហើយបំផ្លាញគេដោយការបំផ្លាញ១ជា២ផង។ សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា?< ការយល់ដឹងអំពីអត្ថបទ > សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026
១២ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានតម្រូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង...




