១ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ក្នុងកាលដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយអស់ទាំងនគរនៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយកំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងទីក្រុងទាំងប៉ុន្មាន គឺថា ២ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅទូលសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្តាប់ដៃ នៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល ៣ ឯឯងនឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន ៤ ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរទ្រង់ថា ឯងនឹងមិនស្លាប់ដោយដាវទេ ៥ គឺឯងនឹងស្លាប់ដោយសេចក្តីសុខវិញ ហើយគេនឹងបូជាសពរបស់ឯង ដូចជាបានបូជាភ្លើងថ្វាយ ដល់ពួកព្ធយុកោឯង គឺជាពួកស្តេចដែលនៅមុខឯងដែរ គេនឹងយំទួញនឹងឯងថា ឱព្រះអម្ចាស់អើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចេញវាចាហើយ។៦ នោះហោរាយេរេមា ក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់សេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម ៧ ក្នុងកាលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងតែច្បាំងនឹងក្រុងយេរូសាឡិម ហើយនឹងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺនឹងក្រុងឡាគីស ហើយនឹងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។៨ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាពាក្យដែលមកដល់យេរេមា ក្នុងពេលក្រោយដែលស្តេចសេដេគា និងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានតាំងសេចក្តីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលែងដល់គេ ៩ គឺឲ្យគ្រប់ទាំងមនុស្សបានបើកឲ្យបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាសាសន៍ហេព្រើររួចចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើសាសន៍ហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបំរើទៀតឡើយ ១០ ពួកចៅហ្វាយទាំងប៉ុន្មាន និងបណ្តាជនទាំងឡាយ ដែលបានចូលក្នុងសេចក្តីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងបើកលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់ប្រើគេទុកជាបាវបំរើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ ១១ ប៉ុន្តែក្រោយមក គេក៏បែរជាបង្ខំបាវប្រុស បាវស្រីទាំងប៉ុន្មាន ដែលគេបានលែងទៅហើយនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន និងធ្វើជាបាវប្រុសបាវស្រីវិញទៀត។
ការយល់ដឹងពីអត្ថបទ
លោកយេរេមា បានប្រាប់ស្ដេចសេដេគាជាថ្មីម្ដងទៀតថា ពួកបាប៊ីឡូននឹងដណ្ដើមយកបានក្រុងយេរូសាឡិម ហើយស្ដេចផ្ទាល់នឹងត្រូវគេចាប់ទៅឈ្លើយសឹកនៅបាប៊ីឡូន តែគេមិនសម្លាប់ទ្រង់ទេ។ហើយពេលទ្រង់សុគតនោះ គេបានរៀបចំបុណ្យសពជូនទ្រង់យ៉ាងត្រឹមត្រូវទៀត។នៅពេលពួកបាប៊ីឡូនបានផ្ដើមវាយប្រហារក្រុង នោះស្ដេចសេដេគាបានប្រកាសអោយពួកម្ចាស់ទាសករទាំងអស់ ដោះលែងទាសកររបស់ខ្លួនដែលជាជនជាតិហេព្រើរ អោយមានសេរីភាព ដោយសង្ឃឹមថា សកម្មភាពនេះនឹងធ្វើអោយព្រះសព្វព្រះហឫទ័យ ហើយស្ដេចសេដេគា បានគិតទៀតថា ប្រហែលទ័ពរបស់ទ្រង់អាចទទួលជ័យជម្នះបានពីព្រោះមានជំនួយពីកងទ័ពអេស៊ីពបានមកដល់ក្រុងយេរូសាឡិមហើយពួកបាប៊ីឡូននឹងដកថយជាបណ្ដោះអាសន្ន។ ចំណែកពួកម្ចាស់ទាសករវិញ ក្រោយពីបានរួចពីទុក្ខទោសហើយ ពួកគេក៍ចាប់ប្រមូលទាសករមកវិញ។
១. តើខគម្ពីរមួយណាដែលទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ?
……………………………………………………………………………………………………………………………………………….។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
……………………………………………………………………………………………………………………………………………….។
៣. ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
……………………………………………………………………………………………………………………………………………….។
សេចក្តីអធិស្ឋាន
……………………………………………………………………………………………………………………………………………….។




