<អត្ថបទ> |
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទៅទិញក្អមធ្វើដោយដី ពីជាងស្មូនមក រួចនាំពួកចាស់ទុំនៃបណ្តាជន និងពួកចាស់ទុំក្នុងពួកសង្ឃ ២ ចេញទៅឯច្រកភ្នំនៃកូនចៅហ៊ីនណំម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលអញនឹងប្រាប់ដល់ឯង ៣ ត្រូវឲ្យប្រាប់ថា ឱពួកស្តេចស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក ៤ ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ ៥ គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសំរាប់នឹងដុតកូនប្រុសៗរបស់គេ ទុកជាដង្វាយដុតថ្វាយព្រះបាល ជាការដែលអញមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតអញដែរ ៦ ដូច្នេះព្រះយេហូវ៉ាមានព្រះបន្ទូលថា មើលនឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនេះថា តូផែត ឬថា ច្រកភ្នំរបស់កូនចៅហ៊ីនណំមទៀត គឺនឹងហៅថា ច្រកភ្នំសំឡេះវិញ ៧ គ្រានោះអញនឹងធ្វើឲ្យសេចក្តីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស និងសត្វជើង៤នៅផែនដី ៨ អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្តីវេទនារបស់ក្រុងនេះ ៩ អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្តីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។១០ លំដាប់នោះ ត្រូវឲ្យឯងបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយនឹងឯង ១១ ហើយត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះឯង ដែលអញនឹងបំបែកបំបាក់ជនជាតិនេះ ហើយទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងកប់ខ្មោចគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត ១២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែតផង ១៣ អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម និងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចដង្វាយថ្វាយដល់ព្រះដទៃនោះឯង។១៤ រួចយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅទាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្តាជនទាំងឡាយថា ១៥ ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ មើលអញនឹងនាំគ្រប់ទាំងសេចក្តីអាក្រក់មកលើក្រុងនេះ ហើយនឹងអស់ទាំងដំបន់នៅជុំវិញ ដូចជាអញបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់អញឡើយ។
| សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ក្អមបែក និងមហន្តរាយរបស់ក្រុងយេរូសាឡិម មានសេចក្ដីប្រៀបធៀបមួយទៀតសម្រាប់យូដាគឺ លោកយេរេមាបានកាន់ឆ្នាំងដី១ ហើយនាំពួកអ្នកដឹកនាំទៅកន្លែងមួយនៅក្រៅកំផែងក្រុង ជាកន្លែងដែលគេបានបោះចោលអំបែងចាស់ៗ។ទីនោះជាជ្រលងដែលអ្នកស្រុកយូដាយកកូនរបស់ខ្លួនទៅបូជាជូនព្រះម៉ូឡុក។លោកយេរេមាបាននិយាយថា នៅជ្រលងនេះពួកគេបានដុតសម្លាប់ខ្លួន ដូច្នេះពួកគេក៍ស្លាប់វិញដូចគ្នា។នៅជ្រលងភ្នំនោះគេហៅថា ជ្រលងហ៊ីនណូម តែនៅថ្ងៃមុខគេនឹងហៅថា ច្រកភ្នំសំឡេះ(ជ្រលងពិឃាត)វិញ។នៅពេលបាប៊ីឡូនវាយក្រុង យេរូសាឡិមនោះគេនឹងនាំពួកយូដាមកសម្លាប់នៅកន្លែងនេះ ហើយសពរបស់ពួកគេនឹងក្លាយជាចំណីររបស់ពួកសត្វសាហាវ។តូផែតជាកន្លែងមិនស្អាតដោយសារតែការសម្លាប់ ដើម្បីថ្វាយយញ្ញបូជាដល់រូបព្រះ និងក្លាយជាកន្លែងចោលសាកសព។ភាពកខ្វក់នៃតូផែតគឺជាតំណែងអោយភាពកខ្វក់របស់ក្រុងយេរ៉ូសាឡិម។បន្ទាប់ពីការប្រកាស លោកយេរេមាក៍ត្រឡប់ទៅព្រះវិហារវិញហើយគាត់បានបន្ដប្រកាសអំពី សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |




